ផ្លូវ២៤០ - រាជធានីភ្នំពេញ
ផ្លូវ២៤០ ជាផ្លូវស្ថិតនៅក្បែរព្រះបរមរាជវាំង ដែលមានហាងលក់សម្លៀកបំពាក់ ទ្រនាប់ជើង និងគ្រឿងអលង្ការ និងហាងលក់វត្ថុអនុស្សាវរីយ៍ ដោយផ្តល់ជូននូវម៉ូដដ៏ពេញនិយមដែលផលិតចេញពីសរសៃសូត្រកម្ពុជា សិល្បៈអាស៊ីអគ្នេយ៍ សិប្បកម្ម វត្ថុមានតម្លៃ និងគ្រឿងសង្ហារឹម ព្រមទាំងមានភោជនីយដ្ឋាន និងបារ តៀមស្រា បណ្ណាគារ និងទីភ្នាក់ងារទេសចរណ៍ មានហូរហែរនៅតាមផ្លូវនេះ។ ក្រោយពេលទស្សនាព្រះបរមរាជវាំងរួចហើយ អ្នកអាចដើរមើលនៅម្តុំផ្លូវកែង២៤០។ ហាងភាគច្រើនស្ថិតនៅជាប់ៗគ្នា នៅចន្លោះផ្លូវ១៩និងវិថីនរោត្តម។ នៅផ្លូវកែង២៤០ ក្បែរព្រះបរមរាជវាំង អគារទីស្តីការគណៈរដ្ឋមន្ត្រីស្ថិតនៅយ៉ាងត្រដែតត្រដឹមជាងគេ ជាពិសេសស្រមោលចាំងចំដំបូលដ៏ក្រហមច្រាលដូចមាសនាពេលរសៀល នៅពេលព្រះសុរិយាហៀបអស្តង្គត។ មុនពេលធ្វើដំណើរទៅកាន់ផ្លូវ២៤០ អ្នកអាចចោលភ្នែកកាត់តាមសួនច្បារ ហើយឃើញវត្តបុទុម ដែលមានចេតីយ៍រូបព្រះពុទ្ធពណ៌ស។ នៅពេលដែលអ្នកធ្វើដំណើរតាមផ្លូវ២៤០ពីព្រះបរមរាជវាំង អ្នកអាចឃើញភូមិគ្រឹះបន្សល់ទុកតាំងពីសម័យអាណានិគម នៅខាងត្បូងផ្លូវ៕
No comments:
Post a Comment