ដំណឹងនៃការផ្លាស់ប្តូរទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលេចលឺជាច្រើនឆ្នាំមកហើយ ក៍ប៉ុន្តែវាមិនទាន់ជាផ្លូវការនៅឡើយ។ ហើយទើបតែពេលនេះ ច្បាស់ហើយថា ទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អតីតសាលារចនាដែលមានអាយុកាលជាង១០០ឆ្នាំនេះ នឹងត្រូវប្តូរទៅទីតាំងថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារត្រើយខាងកើត ក្រោយពីអភិបាលក្រុងភ្នំពេញបានប្រកាសផ្តល់ដីប្រមាណជា២ទៅ៣ហិចតាសម្រាប់ការសាងសង់នេះ។ នេះបើតាមការបញ្ជាក់ពីលោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២៨ឧសភានេះ។ ការផ្លាស់ប្តូរទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ ម្យ៉ាងគឺដើម្បីបានទីតាំងថ្មីដែលធំទូលាយជាមុន និងម្យ៉ាងទៀត គឺដើម្បីផ្តល់ទីតាំងចាស់របស់សាលកវិទ្យាល័យនេះ ទៅឱ្យសារមន្ទីជាតិ ដែលកំពុងត្រូវការពង្រីកបន្ថែម។
លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ឧសភា បានប្រកាសនៅក្នុងកិច្ចប្រជុំជាមួយប្រជាពលរដ្ឋម្ចាស់ដីដែលរងផលប៉ះពាល់នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារថា មានស្ថាប័នរដ្ឋមួយចំនួននឹងត្រូវប្តូរទីតាំងថ្មី ទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វារ ដែលរដ្ឋបានជួលទៅឱ្យក្រុមហ៊ុនឯកជន ICOC របស់លោកឧកញ៉ា ពុង ឃាវសែ ហើយក្នុងនោះ ក៏មានសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយដែរ។ នេះបើតាមលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ។ ប៉ុន្តែលោកឌីម៉ង់មិនទាន់អាចនិយាយពីគម្រោងពិស្តារនៅឡើយទេ តែលោកបានដឹងថា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វានេះ នឹងក្លាយជាចំណុចកណ្តាលនៃទីក្រុងភ្នំពេញ ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរសម្រាប់ស្ថាប័នរដ្ឋ។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អតីតសាលារចនាត្រូវបានកសាងតំណាលគ្នានឹងសារមន្ទីរជាតិកម្ពុជាក្នុងឆ្នាំ១៩១៧ ត្រូវបានប្រែក្លាយជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ១៩៦៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សាកលវិទ្យាល័យនេះ បង្កើតឡើងដើម្បីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សផ្តោតលើវិស័យសិល្បៈ និងវប្បធម៌ ពោលគឺការបង្ហាត់បង្រៀននិស្សិតឱ្យក្លាយជាសិល្បករ, ស្ថាបត្យករ, និងបុរាណវិទ្យា។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សិ្ថតនៅក្នុងមណ្ឌលតែមួយជាមួយសារមនី្ទរជាតិ ហើយដែលប្រជាជនខែ្មរតែងហៅថា សាលារចនា៕
No comments:
Post a Comment