អនុលោមតាមមាត្រា៤៤នៃច្បាប់ស្ដីពីទេសចរណ៍ ក្រសួងទេសចរណ៍សម្រេចបញ្ចុះថ្នាក់អាជ្ញាប័ណ្ណទេសចរណ៍ សណ្ឋាគារ រ៉ក់ រ៉ូយ៉ាល់ និងសណ្ឋាគារ ហ្គោល Hotel មកជាអាជ្ញាប័ណ្ណបណ្ដោះអាសន្ន ដែលមានសុពលភាព៩០ថ្ងៃ។ នេះគឺជាសេចក្ដីសម្រេចរបស់ក្រសួងទេសចរណ៍ នៅក្នុងលិខិតចំនួនពីរ ផ្ញើជូនទៅម្ចាស់អាជ្ញាប័ណ្ណសណ្ឋាគារទាំងពីរខាងដើម។ សេចក្ដីសម្រេចរបស់ក្រសួងទេសចរណ៍ដូច្នេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុលង់ទឹកស្លាប់ជាបន្តបន្ទាប់ នៅក្នុងអាងហែលទឹករបស់សណ្ឋាគាររ៉ក់ រ៉ូយ៉ាល់ និងសណ្ឋាគារ ហ្គោល Hotel កាលពីពាក់កណ្ដាលខែមេសានេះ។
លិខិតចុះថ្ងៃទី២៤ខែមេសាដដែលបានឲ្យដឹងទៀតថា ដើម្បីទទួលបានអាជ្ញាប័ណ្ណទេសចរណ៍ពេញសិទ្ធិ ដែលមានរយៈ ពេល១ឆ្នាំឡើងវិញ ម្ចាស់អាជ្ញាប័ណ្ណទេសចរណ៍ត្រូវអនុវត្តតាមការណែនាំចំនួន៣ចំណុច ដែលក្នុងនោះរួមមាន៖ ទី១ ត្រូវធ្វើការដោះស្រាយជាមួយភាគីជនរងគ្រោះ និងភាគីពាក់ព័ន្ធឲ្យបានត្រឹមត្រូវ។ ទី២ រៀបចំកែតម្រូវគ្រប់គ្រងអាងហែលទឹកឲ្យបានត្រឹមត្រូវ ជាពិសេសចាំបាច់តម្រូវឲ្យមានឆ្មាំប្រចាំការនៅកន្លែងអាងហែលទឹក មានដាក់ស្លាកសម្គាល់កន្លែងទឹករាក់និងទឹកជ្រៅ សម្រាប់មនុស្សពេញវ័យនិងកុមារ ព្រមទាំងមានឧបករណ៍និងការជួយសង្គ្រោះបឋម។ និងទី៣ ត្រូវធ្វើរបាយការណ៍ ដោយភ្ជាប់ឯកសារពាក់ព័ន្ធមកក្រសួងទេសចរណ៍។
សូមរំលឹកថា នៅក្នុងខែមេសាឆ្នាំ២០១៥នេះ អាងហែលទឹកនៅសណ្ឋាគាររ៉ក់ រ៉ូយ៉ាល់ និងសណ្ឋាគារ ហ្គោល Hotel បានឆក់យកជីវិតមនុស្សសរុបទាំងអស់៣នាក់ជាបន្តបន្ទាប់។ ដោយក្នុងនោះ កុមារអាយុ៦ឆ្នាំម្នាក់ និងយុវជនអាយុ១៧ឆ្នាំម្នាក់ បានលង់ទឹកស្លាប់នៅក្នុងអាងហែលទឹករបស់សណ្ឋាគារ រ៉ក់ រ៉ូយ៉ាល់ ក្នុងខេត្តកែប នៅថ្ងៃទី១៥មេសា។ ហើយ៥ថ្ងៃក្រោយមក គឺនៅថ្ងៃទី២០ខែមេសា កុមារាម្នាក់ទៀត អាយុ៥ឆ្នាំ បានលង់ទឹកស្លាប់នៅក្នុងអាងហែលទឹករបស់សណ្ឋាគារ ហ្គោល Hotel នៅខេត្តព្រះសីហនុ៕
No comments:
Post a Comment