បន្ទាប់ពីសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានវត្តមានអង្ករប្លាស្ទិក នៅក្នុងទីផ្សារកម្ពុជា ដែលបានធ្វើឲ្យប្រជាជនមានការភ័យបារម្ភពីបញ្ហាសុខភាព នោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើការទាក់ទងជាបន្ទាន់ ទៅខាងអាជីវករនោះ ដើម្បីយកប្រភេទអង្ករ នោះមកធ្វើការត្រួតពិនិត្យ។ នេះបើតាមការឲ្យដឹងពី លោក ហ៊ិម ខទៀត មន្ត្រីទំនាក់ទំនង នៃសហព័ន្ធស្រូវអង្ករកម្ពុជា។
ការត្រួតពិនិត្យ ត្រូវបានធ្វើឡើងដោយគណៈកម្មការសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈការយកគម្រូនៃអង្ករយកមកដាំ។ ហើយជាលទ្ធផលបានបង្ហាញឲ្យឃើញថា មិនមានសារធាតុប្លាស្ទិកនៅក្នុងអង្ករអ្វីឡើយ។ វាគ្រាន់តែជាការលាយចូលគ្នានៃអង្ករស្រូវចាស់ ស្រូវថ្មី តែប៉ុណ្ណោះ។ បាយដែលដាំចេញពីអង្ករនោះ វាគ្រាន់តែមានលក្ខណៈស្អិត និងមានក្លិនប្លែក ដើម្បីតម្រូវចំណង់ចំណូលចិត្តអ្នកប្រើប្រាស់។
លោកបានបញ្ជាក់បន្ថែមថា អ្នកជំនាញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា មិនមានការភ័យបារម្ភថា នឹងមានវត្តមានអង្ករប្លាស្ទិកនៅកម្ពុជានោះទេ។ មិនភ័យបារម្ភ ព្រោះដើម្បីផលិតអង្ករប្លាស្ទិក គឺវាមានថ្លៃដើមខ្ពស់ជាងអង្ករធម្មតា។ ដូច្នេះវា មិនអាចទៅរួចទេដែលថា អាជីវករ កម្ពុជា នឹងយកអង្ករប្លាស្ទិកយកមកលក់ ខណៈពេលដែលពួកគេ ត្រូវចំណាយថ្លៃខ្ពស់ដើម្បីទិញ និង នាំចូលអង្ករប្លាស្ទិកនេះ។
លោក ហ៊ីម ខទៀត បានលើកទឹកចិត្តឲ្យប្រជាជន ទិញតែអង្ករណា ដែលស្គាល់តែប្រភព និង ប្រភេទច្បាស់លាស់ ខណៈពេលដែលមានការលេចឭព័ត៌មាន ថា ប្រទេសនៅក្នុងតំបន់អាស៊ី អាចនឹងមានអង្ករប្លាស្ទិកចរាចរណ៍នៅក្នុងទីផ្សារ។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវ ផងដែរ ដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកបរិភោគ កុំឲ្យមានការបារម្ភ ឬ ជឿលើព័ត៌មានណាដែលគ្មានមូលដ្ឋាន៕
No comments:
Post a Comment